ឃាត់រថយន្ត ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ទុកជាង៧ខែ គ្មានអ្នកចូលដោះស្រាយសោះ ទើបសម្រេចឆែកមើលក៏ឃើញសុទ្ធតែឈើគ្រញូងរាប់រយដុំ
បន្ទាយមានជ័យជ័យ)៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅស្នងការដ្ឋាននគរបាលខេត្តមន្ទាយមានជ័យ ក្រោយពីកម្លាំងនគរបាលបានឃាត់រថយន្តដឹកស៊ីទែនសាំង១គ្រឿង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីជាង៧ខែមុន ប៉ុន្តែគ្មានអ្នកចូលមកដោះស្រាយសោះ ជាហេតុបង្កើតឲ្យមានការសង្ស័យចំពោះរថយន្តបង្ក ទើបកម្លាំងសមត្ថកិច្ចសម្រេចវះស៊ីទែនសាំងនោះ ក៏ប្រទះឃើញសុទ្ធតែឈើគ្រញូងរាប់រយដុំ។
លោក សន គឹមសួរ នាយការិយាល័យនគរបាលចរាចរណ៍ជើងគោក បានប្រាប់ឲ្យដឹងថា កាលពីអំឡុងខែឧសភា ឆ្នាំ២០១៧ កន្លងទៅ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាររថយន្តដឹកស៊ីទែនសាំង ពាក់ស្លាកលេខ ភ្នំពេញ 3C-0213 ខូចហើយចតចោលលើចិញ្ចើមផ្លូវទាំងយប់ ហើយមិនបានដាក់ស្លាកសញ្ញាបញ្ជៀសអ្វីសោះ ក៏ត្រូវបានម៉ូតូ១គ្រឿងជិះគ្នា២នាក់ ជិះបុកពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ឃើញដូច្នោះ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់។
លុះព្រឹកឡើង កម្លាំងនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យ ធ្វើការវាស់វែង ហើយយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យលោក គឹមសួរ បានបន្តថា ក្រោយពេលដែលកម្លាំងនគរបាលជំនាញ យករថយន្តដែលបង្កគ្រោះថ្នាក់ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឲ្យម្ចាស់រថយន្តចូលមកដោះស្រាយតែមិនឃើញមានអ្នកណាចូលខ្លួនមកដោះស្រាយសោះ ទុករហូតជាង៧ខែមកហើយ ដោយមានការសង្ស័យក៏សម្រេចវះធុងស៊ីទែនសាំងមើល ក៏ឃើញឈើក្រញូងជាច្រើនដុំ ក៏បង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមានការភ្ញាក់ផ្អើលរួចមក និងដោយមានការណែនាំពីលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យផងដែរ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានបង្កើតគណៈកម្មការធ្វើការត្រួតពិនិត្យ ដោយមានវត្តមានលោក តេង សម័យ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត មន្ត្រីអយ្យការ និងកម្លាំងនគរបាលជំនាញបានធ្វើការវះស៊ីទែនសាំងម្ដងទៀត ដើម្បីត្រួតពិនិត្យឃើញសុទ្ធតែឈើក្រញូងពេញស៊ីទែនសាំង។
លោក ឆេន សុវត្ថិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ការត្រួតពិនិត្យជំហានដំបូង រកឃើញឈើក្រញូងចំនួន ៣៥៥ដុំ៕

Comments
Post a Comment